អាជ្ញាកណ្តាលរបស់លីកកំពូលទួរគីត្រូវបានដាល់មួយដៃដួលលើទីលានដោយប្រធានក្លឹប Ankaragucu បន្ទាប់ពីបានសម្រុកចូលទៅក្នុងទីលាន ក្រោយក្រុមរបស់គាត់បានត្រឹមស្មើជាមួយ Rizespor ។

អាជ្ញាកណ្តាលលោក Halil Umut Meler ត្រូវបានប្រធានក្លឹប Ankaragucu លោក Faruk Koca ផ្តួល បន្ទាប់ពីគាត់បានរត់ទៅលើទីលាន នៅពេលដែលក្រុមរបស់គាត់របូតគ្រាប់បាល់ចុងម៉ោងក្រោមថ្វីជើងក្រុម Rizespor កាលពីថ្ងៃចន្ទ។ អាជ្ញាកណ្តាលដែលបានជាំភ្នែកបន្ទាប់ពីការវាយប្រហារនោះ ត្រូវបានដាល់និងទាត់ ខណៈពេលដែលគាត់កំពុងតែដេកនៅលើទីលានក្នុងឈុតឆាកដ៏អាក្រក់នៅឯកីឡដ្ឋាន Eryaman ។

សារព័ត៌មាន BeIN Sports រាយការណ៍ថា សហព័ន្ធបាល់ទាត់ទួរគីបានសម្រេចចិត្តបើកកិច្ចប្រជុំវិសាមញ្ញមួយ បន្ទាប់ពីឧប្បត្តិហេតុដ៏រន្ធត់នេះ ដោយរឿងរ៉ាវមួយនេះបានទាក់ទាញចំណាប់អារម្មណ៍ប្រធានាធិបតីទួរគីរហូតដល់ត្រូវចេញសេចក្តីថ្លែងការណ៍ភ្លាមៗមួយ។ លោកអាជ្ញាកណ្តាល Meler វ័យ 37 ឆ្នាំ គឺជាអាជ្ញាកណ្តាលកំពូលមួយរូបរបស់ប្រទេសទួរគី ដែលទទួលខុសត្រូវលើការប្រកួតអន្តរជាតិសម្រាប់ FIFA និងស្ថិតក្នុងបញ្ជីផ្លូវការរបស់ UEFA ផងដែរ ដោយឡែកប្រធានក្លឹប លោក Roca នឹងទទួលបានការដាក់ទណ្ឌកម្មក្នុងពេលឆាប់ៗនេះ៕