អ្នកចាត់ការក្រុម Manchester United លោក Erik ten Hag បានប្រាប់ទៅកាន់កីឡាករ Alejandro Garnacho ពីរបៀបដែលគាត់អាចចាប់ផ្តើមដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការប្រៀបធៀបជាមួយកំពូលខ្សែប្រយុទ្ធដែលមានដូចជា Cristiano Ronaldo និង Wayne Rooney។

ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហមបានលោតកាប់ចានបញ្ចូលទីដ៏គួរឱ្យចាប់អារម្មណ៍ក្នុងការទទួលជ័យជម្នះ 3-0 នៅលើទឹកដីក្រុម Everton ដែលបានទាក់ទាញការប្រៀបធៀបភ្លាមៗជាមួយនឹងការស៊ុតរបស់ Rooney ទល់នឹងក្រុម Manchester City ក្នុងឆ្នាំ 2011 និងការទាត់បាល់រំលងក្បាលរបស់ Ronaldo ទល់នឹង Juventus ក្នុងក្របខ័ណ្ឌ Champions League នៅក្នុងឆ្នាំ 2018 ។ ទោះជាយ៉ាងណាក៏ដោយ Ten Hag បានច្រានចោលនូវការប្រៀបធៀបរវាងកីឡាករវ័យ 19 ឆ្នាំ និងអតីតកីឡាករដ៏អស្ចារ្យរបស់ Man United។

អ្នកចាត់ការទូទៅរបស់ United បាននិយាយថា “កុំប្រៀបធៀប ខ្ញុំគិតថាវាមិនត្រឹមត្រូវទេ ពួកគេទាំងអស់សុទ្ធតែមានអត្តសញ្ញាណរៀងៗខ្លួន ប៉ុន្តែសម្រាប់ Garnacho ដើម្បីទៅផ្លូវនោះ គាត់មានរឿងជាច្រើនដែលត្រូវឆ្លងកាត់ គាត់ត្រូវតែប្រឹងប្រែងខ្លាំងណាស់។ រូបគេត្រូវធ្វើវាអោយបានជាប់លាប់ ហើយរហូតមកដល់ពេលនេះគាត់មិនទាន់អាចធ្វើបានទេ។ ប៉ុន្តែគាត់ពិតជាមានសក្ដានុពលខ្ពស់ក្នុងការធ្វើរឿងអស្ចារ្យមួយចំនួន វាមិនមែនជាលើកទីមួយទេដែលយើងឃើញបែបនេះ យើងបានឃើញជាញឹកញាប់រួចទៅហើយ ប៉ុន្តែប្រសិនបើអ្នកចង់ក្លាយជាកីឡាករដូច Rooney ឬ Ronaldo អ្នកត្រូវតែស៊ុតបញ្ចូលទី 20 រឺ 25 គ្រាប់ក្នុង Premier League ជារៀងរាល់រដូវកាល។ វាមិនងាយស្រួលទេ ដូចនេះអ្នកត្រូវប្រឹងប្រែងអោយអស់ពីសមត្ថភាព”៕