លោក Mikel Arteta គ្រូបង្វឹកក្រុម Arsenal ត្រូវបានចោទប្រកាន់ដោយសមាគមបាល់ទាត់អង់គ្លេស FA ជុំវិញការអត្ថាធិប្បាយដែលបានធ្វើឡើងបន្ទាប់ពីការបរាជ័យ 1-0 របស់ពួកគេក្រោមថ្វីជើងក្រុមសារិកាព្រៃ Newcastle កាលពីដើមខែនេះ។

Anthony Gordon បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ជ័យជម្នះក្នុងតង់ទីពីរដ៏ចម្រូងចម្រាសសម្រាប់ Newcastle បើទោះបីជាការត្រួតពិនិត្យ VAR រយៈពេលយូរដែលសំឡេងរបស់អាជ្ញាកណ្តាលត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយ PGMOL ទៅកាន់សារធារណជនកាលពីពេលថ្មីៗនេះ។ Arteta មិនបានទប់ចិត្ត ដោយបានចេញមកធ្វើការរិះគន់របស់គាត់ចំពោះមន្ត្រីក្រោយការប្រកួតយ៉ាងចំៗច្បាស់ៗ ហើយពេលនេះគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំបានជួបរបស់ពិតហើយ ដោយ FA បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។

សេចក្តីថ្លែងការណ៍របស់ FA បានសរសេរថា “Mikel Arteta ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ FA ចំណុច E3.1 បន្ទាប់ពីការអត្ថាធិប្បាយដែលគាត់បានធ្វើនៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីការប្រកួត Premier League របស់ Arsenal ជាមួយ Newcastle United នៅថ្ងៃសៅរ៍ទី 4 ខែវិច្ឆិកា។ ការអត្ថាធិប្បាយរបស់គាត់គឺជាទង្វើមិនត្រឹមត្រូវ ខណៈដែលពួកគេហាក់កំពុងជេរប្រមាថដល់មន្ត្រីនៃការប្រកួត ហើយបានធ្វើឱ្យប៉ះពាល់ដល់ការប្រកួត។ Mikel Arteta មានពេលរហូតដល់ថ្ងៃអង្គារទី 21 ខែវិច្ឆិកា ដើម្បីផ្តល់ការឆ្លើយតបចំពោះការចោទប្រកាន់នេះ”។ ឥឡូវនេះ Arteta មានរយៈពេលរហូតដល់ថ្ងៃទី 21 ខែវិច្ឆិកាដើម្បីចេញការឆ្លើយតប។ Arsenal ពិតជាបានគាំទ្រជំហររបស់អ្នកចាត់ការរបស់ពួកគេ ដោយបានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ប៉ុន្តែឥឡូវនេះវានៅតែត្រូវបានមើលឃើញថាតើការពិន័យបែបណានឹងត្រូវបានផ្តល់ទៅកាន់គ្រូបង្វឹកសញ្ជាតិអេស្បាញ៕