Diaz បន្តធ្វើដំណើរជាមួយ Liverpool ខណះរង់ចាំដំណឹងរបស់ឪពុក

Luis Diaz បានធ្វើដំណើរជាមួយ Liverpool សម្រាប់ការប្រកួត Europa League របស់ពួកគេទល់នឹងក្រុម Toulouse ខណៈដែលគាត់រង់ចាំការដោះលែងឪពុកដែលត្រូវបានចាប់ជំរិតជាងមួយសប្តាហ៍មកនេះ។

កីឡាករសញ្ជាតិកូឡុំប៊ីបានឃើញឪពុករបស់គេ លោក Luis Manuel Diaz ត្រូវបានចាប់ខ្លួនដោយក្រុមឆ្វេងនិយមជាតិរំដោះជាតិ ដែលត្រូវបានស្គាល់ខ្លីៗថាជាក្រុម ELN នៅថ្ងៃទី 28 ខែតុលា។ ម្ដាយ​របស់​ Diaz ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ទុក្ខ​លំបាក​នោះ​ដែរ ប៉ុន្តែ​គាត់​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​រួចមកហើយ។ ELN បានសន្យាថានឹងអនុញ្ញាតឱ្យលោក Diaz មានសេរីភាពវិញ ប៉ុន្តែជម្លោះដ៏រ៉ាំរ៉ៃជាមួយរដ្ឋាភិបាលកូឡុំប៊ីកំពុងពន្យារពេលដំណើរការនីតិវិធី។

ខណៈពេលដែលមានការរំខានជាច្រើនក្នុងជីវិតផ្ទាល់ខ្លួនរបស់គាត់ Diaz នឹងចូលរួមនៅពេលដែល Liverpool ធ្វើដំណើរទៅកាន់ប្រទេសបារាំងដើម្បីទៅលេងការប្រកួត Europa League របស់ខ្លួនទល់នឹង Toulouse។ គួររំលឹកផងដែរថា គាត់​បាន​ដើរ​ចេញ​ពី​កៅអី​បម្រុង​ដើម្បី​រក​គ្រាប់​បាល់​តាម​ស្មើ​សម្រាប់​ក្រុម​ហង្ស​ក្រហម​ក្នុង​ការ​ប្រកួត Premier League ចុង​ក្រោយ​របស់​ពួក​គេជាមួយ Luton ដោយថែមទាំងបានផ្ញើរជាសារយ៉ាងរំជួលចិត្តមួយទៅដល់ឪពុករបស់ខ្លួនថែមទៀត៕