ដំណឹងអាក្រក់មួយ! ឪពុម្តាយរបស់ Luis Diaz ត្រូវបានចាត់ជំរិតនៅកូឡុំប៊ី

ឪពុកម្តាយរបស់ខ្សែប្រយុទ្ធ Liverpool កីឡាករ Luis Diaz ត្រូវបានចាប់ជំរិតនៅប្រទេសកូឡុំប៊ី ដោយម្តាយរបស់រូបគេត្រូវបានដោះលែងរួចរាល់ហើយ។

សារព័ត៌មាននៅក្នុងប្រទេសកូឡុំប៊ីបានរាយការណ៍ថានៅរសៀលថ្ងៃសៅរ៍ លោក Luis Manuel Diaz និងលោកស្រី Cilenis Marulanda ត្រូវបានបញ្ឈប់ដោយក្រុមចាប់ជំរិតនៅពេលធ្វើដំណើរទៅកាន់គេហដ្ឋានរបស់ពួកគេនៃតំបន់ Los Olivos ក្នុងទីក្រុង Barrancas ដែលជាកន្លែងកីឡាករ Liverpool ធ្លាប់រស់នៅ។ សារព័ត៌មាន Semana រាយការណ៍​ថា បុរស​ប្រដាប់​អាវុធ​ជិះ​ម៉ូតូ​ស្ទាក់​ចាប់​រថយន្ត​របស់​ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ប្រភពមួយផ្សេងទៀតបានអះអាងថា ឪពុកម្តាយរបស់ Diaz កំពុងមើលការប្រកួត នៅពេលដែលអ្នកចាប់ជំរិតបានមកដល់ ហើយយកពួកគេទៅតែម្តង។

លោកវរសេនីយ៍ឯក Geovanni Cristancho នាយកសាខានៃប៉ូលីសកូឡុំប៊ី ដែលគ្រប់គ្រងការជំរិតទារប្រាក់ និងការជួយសង្គ្រោះចំណាប់ខ្មាំង ត្រូវបានបញ្ជូនភ្លាមៗដើម្បីទទួលបន្ទុកស្ថានភាព។ មានសេចក្តីរាយការណ៍ថា យោធា និងប៉ូលីសក៏បានចូលរួមកម្លាំង និងចាប់ផ្តើមប្រតិបត្តិការសម្របសម្រួលក្នុងការស្វែងរកឪពុកម្តាយ។ ប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលីសសម្រាប់កំណត់អត្តសញ្ញាណអ្នកដែលធ្វើដំណើរតាមម៉ូតូនៅក្នុងតំបន់ត្រូវបានបង្កើតឡើងភ្លាមៗ៕