Carlo Ancelotti ចង់ឲ្យការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 2030 ធ្វើឡើងនៅកីឡដ្ឋានល្បីឈ្មោះមួយនេះ

បើយោងតាមអ្នកចាត់ការក្លឹប Real Madrid លោក Carlo Ancelotti ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់លំដាប់ពិភពលោក World Cup ឆ្នាំ 2030 គួរតែធ្វើឡើងនៅកីឡដ្ឋាន Santiago Bernabeu ដែលជាទឹកដីរបស់ក្រុម  Real Madrid ស្រាប់។

អាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជុំទីមួយ ខណៈម៉ារ៉ុក ព័រទុយហ្គាល់ និងអេស្ប៉ាញ នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតដែលនៅសល់។ ចំនួនកន្លែងប្រកួតអតិបរមាដែលត្រូវបានអនុញ្ញាតដោយ FIFA គឺ 18 ដូច្នេះ ម៉ារ៉ុក និង/ឬអេស្ប៉ាញ នឹងត្រូវបោះបង់ចោលកន្លែងមួយ ឬពីរនៃកន្លែងដែលបានគ្រោងទុករបស់ពួកគេ។ ប្រទេសព័រទុយហ្គាល់នឹងមានទីលានចំនួន 3 អេស្ប៉ាញមានបំណងចង់មាន 11 ហើយម៉ារ៉ុកបាននិយាយថាពួកគេចង់បាន 6 ទីតាំង។ លោក Faouzi Lekjaa ប្រធានសហព័ន្ធកីឡាបាល់ទាត់ម៉ារ៉ុក ក៏បានបញ្ជាក់ដែរថា លោកចង់ឱ្យការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅទីក្រុង Casablanca ដែលបង្កឱ្យមានចម្ងល់ជាច្រើន ខណះដែលអេស្ប៉ាញ និងម៉ារ៉ុក ត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញសម្រាប់ព្រឹត្តិការណ៍កំពូល។

លោក Carlo Ancelotti បានថ្លែងនៅក្នងសន្និសីទសារព័ត៌មានមុនការប្រកួតទល់នឹងក្រុម Osasuna យប់នេះថា​ “ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ត្រូវតែធ្វើឡើងនៅទីក្រុង Madrid ព្រោះវាជារដ្ឋធានីរបស់អេស្ប៉ាញ ហើយត្រូវរៀបចំនៅកីឡដ្ឋាន Bernabeu ព្រោះវាជាកីឡដ្ឋានល្អបំផុតក្នុងលោក។ ខ្ញុំគិតថាវាជារឿងល្អសម្រាប់បាល់ទាត់អេស្ប៉ាញ នឹងសម្រាប់ប្រទេសនេះទាំងមូល។ ក្តីរំភើបនៃព័ត៌មាននេះនឹងមិនត្រូវបានប៉ះពាល់ដោយការប្រកួតមួយចំនួនដែលលេងនៅអាមេរិកខាងត្បូង ព័រទុយហ្កាល់ រឺប្រទេសម៉ារ៉ុកនោះឡើយ”