លោក Pep Guardiola បានសរសើរ Rico Lewis ជាមួយនឹងពាក្យសម្តីដ៏គួរឲ្យចាប់អារម្មណ៍បន្ទាប់ពីការសម្តែងដ៏អស្ចារ្យរបស់កីឡាករវ័យ 18 ឆ្នាំក្នុងជ័យជម្នះ 3-1 របស់ Manchester City ទៅលើក្រុម RB Leipzig។

គ្រូបង្វឹកក្រុម Man City បានអះអាងថា Lewis គឺជាកីឡាករល្អបំផុតម្នាក់ដែលគាត់ធ្លាប់ធ្វើការជាមួយ ហើយបាននិយាយថារឿងតែមួយគត់ដែលគាត់ខ្វះនោះគឺកម្ពស់ បន្ទាប់ពីទម្រង់លេងដ៏ពិសេសកាលពីពេលថ្មីៗនេះ។

លោក Guardiola បានប្រាប់ TNT Sports ថា “អស្ចារ្យណាស់! គេជាកីឡាករឆ្នើមម្នាក់ ខ្ញុំសំណាងណាស់ដែលបានបង្ហាត់មនុស្សដូចគាត់។ ខ្ញុំបានធ្វើការជាមួយកីឡាករល្អៗជាច្រើននៅ Barcelona, Bayern Munich និង City ប៉ុន្តែពិបាករកបានមនុស្សដូចគាត់ណាស់ ព្រោះគេមិនខ្លាចហើយការពារបានល្អ។ គាត់ត្រូវតែខ្ពស់បន្តិច ម៉ាក់ និងប៉ាមិនបានផ្តល់ចំណុចមួយនេះឱ្យគាត់ច្រើនទេ។ បើសិនជាគេខ្ពស់ជាងនេះទៅទៀត គេនឹងមានអ្វីគ្រប់យ៉ាង”៕