អ្នកគាំទ្រ Sheffield Wednesday រៃអង្គាសប្រាក់បានលើសពី 2មុឺនផោនសម្រាប់មូលនិធិ Bradley Lowery

អ្នកគាំទ្រក្លឹប Sheffield Wednesday បាននាំគ្នារៃអង្គាសប្រាក់បានរហូតដល់ទៅប្រមាណជាង 2 មុឺនផោនសម្រាប់មូលនិធិ Bradley Lowery បន្ទាប់ពីអ្នកគាំទ្រពីររូបត្រូវបានឃើញថាបានលេងសើចជាមួយនឹងការបាត់បង់ជីវិតរបស់កុមាររូបនេះ។

អ្នកគាំទ្រទាំងនោះបានបង្កើតជាយុទ្ធនាការមួយសម្រាប់មូលនិធិដែលយកឈ្មោះតាមជនរងគ្រោះដោយសារតែជំងឺមហារីក បន្ទាប់ពីភាពចម្រូងចម្រាស់ នឹងទង្វើដែលមិនអាចទទួលយកបានរបស់អ្នកគាំទ្រចំនួនពីររូបដែលបានប្រមាថមើលងាយទៅដល់មរណភាពរបស់​ Bradley កំឡុងការប្រកួតរវាងក្រុម Sheffield Wednesday ទល់នឹង Sunderland កាលពីថ្ងៃសុក្រសប្តាហ៍មុន។​

អ្នកគាំទ្រ Sunderland វ័យក្មេងរូបនេះបានបាត់បង់ជីវិតកាលពីឆ្នាំ 2017 ហើយគេក៏បានក្លាយជាបុគ្គលដ៏ល្បីមួយដោយសារតែគេមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអតីតខ្សែប្រយុទ្ធ Jermain Defoe មុនពេល Bradley លាចាកលោក។ បុរសពីរនាក់ត្រូវបានឃាត់ខ្លួនភ្លាមៗក្រោមមូលហេតុនៃការប្រមាថមើលងាយជាសាធារណះ ដោយបុរសវ័យ 31 ឆ្នាំមួយរូបត្រូវបានរកឃើញថាមានស្ថានទម្ងន់ទោស ហើយត្រូវបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់នៅខែវិច្ឆិកាខាងមុខនេះ៕