សេដ្ឋីអង់គ្លេស Sir Jim Ratcliffe ប្រែចិត្តលែងចង់ទិញ Man Utd ផ្តាច់ហើយព្រោះចំណាយពេលយូរខ្លាំងពេក

លោក Sir Jim Ratcliffe ត្រូវបានគេរាយការណ៍ថាកំពុងតែពិចារណាបោះបង់ចោលនូវការដេញថ្លៃដើម្បីទិញក្លឹប Manchester United ដោយជំនួសមកវិញនូវការទិញភាគហ៊ុនកម្រិតតូចមួយពីក្លឹបវិញ។

ក្រុមហ៊ុន Ineos Sports ត្រូវបានចាត់ទុកជាបេក្ខភាពដ៏សមរម្យមួយក្នុងការឡើងកាន់កាប់ជាម្ចាស់ក្លឹបថ្មីរបស់បិសាចក្រហមបន្ទាប់ពីគ្រួសារ Glazers បានដាក់លក់ក្លឹបជាផ្លូវការក្រោមការស្វែងរកវិនិយោគិនថ្មី ប៉ុន្តែដំណើរការមួយនេះបានខ្ជះខ្ជាយពេលវេលាសឹងតែ 10 ខែទៅហើយ ដោយពេលនេះ Sky Sports បានរាយការណ៍ថាមហាសេដ្ឋីប្រាក់ពាន់លានសញ្ជាតិអង់គ្លេសសុខចិត្តចំណាយប្រាក់តិចតួចរបស់លោកដើម្បីទិញភាគហ៊ុនជាមួយក្លឹបវិញ។

គម្រោងទិញភាគហ៊ុនកម្រិតតូចមួយនេះមានន័យថា លោក Ratcliffe នៅតែមានឥទ្ធិពលសម្រាប់​ Man United ប៉ុន្តែអំណាចធំបំផុតនៅតែជាគ្រួសារ Glazer ដដែល។ វាមិនច្បាស់ថាកិច្ចព្រមព្រៀងមួយនោះនឹងត្រូវធ្វើឡើងបែបណាទេ ព្រោះអ្នកគាំទ្រភាគច្រើនរបស់ Manchester United សុទ្ធសឹងតែមិនចង់ឃើញគ្រួសារ Glazers បន្តនាមជាម្ចាស់ក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Manchester មួយនេះឡើយ៕