មិនធម្មតាទេ! គ្រូបង្វឹក Chelsea ចេញមកព្រមាន Mikel Arteta រឿងផ្លាស់ប្តូរអ្នកចាំទីដៃទីមួយ

គំនិតរបស់លោក Mauricio Pochettino ក្នុងការកំណត់អត្តសញ្ញាណអ្នកចាំទីដៃទីមួយរបស់ក្លឹប អាចជាការព្រមានមួយសម្រាប់លោក Mikel Arteta ដែលជាគ្រូបង្វឹករបស់ក្រុម Arsenal ។

គ្រូបង្វឹក Chelsea បានដាក់កីឡាករចំណូលថ្មី Robert Sanchez ជាប់លាប់ក្នុងរាល់ការប្រកួតដែលក្លឹបបានលេងរហូតមកដល់ពេលនេះ រួមទាំងការប្រកួត Carabao Cup ចំនួនពីរផងដែរ។ Pochettino ជឿជាក់ថាអ្នកចាត់ការទូទៅគួរតែមានអ្នកចាំទីលេខ 1 ដែលត្រូវបានចាត់តាំងជានិច្ច ព្រោះកាលដែលមានអ្នកចាំទីផ្លាស់ប្តូរច្រើនញឹកញាប់ពេក អាចផ្តល់ជាហានិភ័យយ៉ាងខ្លាំងសម្រាប់ក្រុមទាំងមូល។

ថ្លែងទៅកាន់អ្នកសារព័ត៌មានអំពីការតែងតាំង Sanchez ជាអ្នកចាំទីជម្រើសដំបូងរបស់ក្រុម លោក Pochettino បាននិយាយថា “ខ្ញុំគិតថាវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការមានកីឡាករល្អគ្រប់មុខតំណែង ដើម្បីមានការប្រកួតប្រជែងសម្រាប់កន្លែងនោះ។ នៅពេលដែលខ្ញុំនៅ PSG ខ្ញុំមានអ្នកចាំទីកំពូលពីរនាក់ Donnarumma និង Navas ហើយវាអាស្រ័យលើទម្រង់ និងលក្ខណៈរបស់ពួកគេ ក្នុងនាមជាលក្ខណះអាជីព និងផ្ទាល់ខ្លួន។ អ្វីដែលខ្ញុំពេញចិត្តគឺការមានកីឡាករល្អបំផុត និងកីឡាករដែលអាចត្រូវគ្នារវាងពួកគេទាំងពីរ។ នៅ Paris យើងសម្រេចេលេង Donnarumma ពីរប្រកួត និង Navas ពីរប្រកួត វាអាចទៅរួច ប៉ុន្តែវាមានគ្រោះថ្នាក់ណាស់”។ ខណៈពេលដែលគ្រូបង្វឹករបស់ក្រុមតោខៀវមិនបាននិយាយពីឈ្មោះរបស់ Arteta គំនិតរបស់គាត់អាចជាការព្រមានមួយសម្រាប់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដែលបច្ចុប្បន្នកំពុងពីបាកសម្រេចចិត្តចំពោះការជ្រើសរើស Aaron Ramsdale និង David Raya ក្នុងនាមជាអ្នកចាំទីដៃទីមួយ៕