លោក Ben Olsen គ្រូបង្វឹកក្រុម Houston Dynamo មិនមានឆន្ទៈក្នុងការបង្ហាញពីផែនការយុទ្ធសាស្ត្ររបស់គាត់ក្នុងការបញ្ឈប់តារាឆ្នើមរបស់ Inter Miami កីឡាករ Lionel Messi នោះឡើយនៅពេលដែលក្រុមទាំងពីរនឹងត្រូវជួបគ្នានាពេលដ៏ខ្លីខាងមុខ។

ក្រុម Houston Dynamo និង Inter Miami គ្រោងនឹងចេញប្រយុទ្ធទល់គ្នាក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ US Open Cup នៅថ្ងៃពុធ ហើយ Messi គឺជាការគំរាមកំហែងដ៏ធំបំផុតដែលមាននៅក្នុងផែនការសម្រាប់ក្រុមរបស់លោក Tata Martino ។ ម្ចាស់ជើងឯក World Cup រូបនេះបានស៊ុតបញ្ចូលទីបាន 11 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 5 ដងក្នុង 12 ប្រកួតក្នុងអំឡុងពេលដែលគាត់បានចំណាយនៅទឹកដីថ្មីនៃសហរដ្ឋអាមេរិក។

Dynamo លេងនៅតំបន់ខាងលិច ខណៈពេលដែល Miami លេងនៅតំបន់ខាងកើតនៃលីកកំពូលអាមេរិក Major League Soccer មានន័យថាក្លឹប Houston Dynamo មិនទាន់បានប៉ះកីឡាករវ័យ 36 ឆ្នាំនៅឡើយទេ។ ទោះជាយ៉ាងនេះក្តី លោក Olsen ទទូចថា លោកនឹងមិនបង្ហាញផែនការយុទ្ធសាស្ត្រណាមួយរបស់គាត់ ទាក់ទងនឹងការទប់ទល់ការវាយលុករបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីននោះទេ ដោយបានប្រាប់សារព័ត៌មាន ESPN ថា “បើសិនខ្ញុំមានគម្រោងត្រឹមត្រូវដើម្បីបញ្ឈប់រូបគេ ខ្ញុំនឹងមិនប្រាប់អ្នកនោះឡើយ។ ខ្ញុំមិនចង់ទម្លាយអ្វីច្រើននោះទេ”៕