តស៊ូមែន! Sergio Regiulon សុខចិត្តចូលលេងការប្រកួតរបស់ Man Utd ទាំងខ្លួនកំពុងឈឺ

លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានបញ្ជាក់ថា Sergio Reguilon បានចូលលេងទាំងខ្លួនកំពុងឈឺ សម្រាប់ការប្រកួតដែលបិសាចក្រហមយកឈ្នះក្រុម Burnley។

Reguilon ដែលបានចូលរួមជាមួយបិសាចក្រហមក្នុងលក្ខខណ្ឌខ្ចីជើងពី Tottenham Hotspur ដោយសារតែបញ្ហាជាមួយនឹងសុខភាពរបស់ Luke Shaw និង Tyrell Malacia បានធ្វើឱ្យមានការព្រួយបារម្ភនៅពេលដែលគាត់ត្រូវបានប្តូរជំនួសដោយកីឡាករ Raphael Varane នៅនាទី 79 ។ ទោះយ៉ាងណាក៏ដោយបន្ទាប់ពីការប្រកួត Ten Hag បានបំភ្លឺថា Reguilon មិនមានរបួសអ្វីទេរូបគេគ្រាន់តែមិនស្រួលខ្លួនប៉ុណ្ណោះ។ កីឡាករសញ្ជាតិអេស្ប៉ាញបានទទូចឱ្យលេងទោះបីជាគាត់មានជំងឺក៏ដោយ ដោយពិចារណាលើជម្រើសមានកំណត់របស់ Man United ក្នុងតំបន់ការពារ។

នៅក្នុងការប្រកួតដ៏តានតឹងមួយនេះ Man United ដណ្តើមបានជ័យជម្នះលើកទីបីរបស់ពួកគេក្នុង Premier League នៅរដូវកាលនេះ ខណៈដែលគ្រាប់បាល់តែមួយគត់របស់ Bruno Fernandes គឺគ្រប់គ្រាន់ដើម្បីទម្លាក់ក្រុម Burnley របស់ Vincent Kompany។ គិតត្រឹមពេលនេះ បិសាចក្រហម Manchester United កំពុងស្ថិតនៅលេខ 8 ក្នុងតារាងពិន្ទុបណ្តោះអាសន្នក្របខ័ណ្ឌបាល់ទាត់កំពូល English Premier League៕