Erik ten Hag បដិសេដមិនស្តីបន្ទោសអ្នកចាំទីរបស់ខ្លួន ទោះធ្វើមិនបានល្អទល់នឹង Bayern Munich ក៏ដោយ

Erik ten Hag បានស្នើរឲ្យកីឡាករ Manchester United របស់គាត់ឱ្យស្វែងរកទម្រង់លេងល្អមកវិញពីការបរាជ័យក្នុងលទ្ធផល 4-3 របស់ពួកគេទល់នឹងក្រុម Bayern Munich សម្រាប់ពាន Champions League។

អ្នកចាំទីចំណូលថ្មីរបស់ Man Utd កីឡាករ Andre Onana ធ្វើមិនបានល្អនោះឡើយ ក្រោយធ្លាយដល់ទៅបួនគ្រាប់ក្នុងមួយប្រកួត ដោយកីឡាករ Leroy Sane, Serg Gnabry, Robert Lewandowski នឹង Mathys Tel ទោះបីជាកីឡាករ Rasmus Hojlund នឹង Casemiro ព្យាយាមស៊ុតតាមពីក្រោយឲ្យក្រុមបិសាចក្រហមក៏ដោយ។ ការបរាជ័យនេះគឺជាលើកទី 3 ជាប់ៗគ្នារបស់ United និងជាលើកទី 4 សរុបក្នុងរដូវកាលនេះ ហើយ Ten Hag មានអារម្មណ៍ថាក្រុមរបស់គាត់គួរតែធ្វើបានគ្រប់គ្រាន់ដើម្បីទទួលបានយ៉ាងហោចណាស់មួយពិន្ទុពីការធ្វើដំណើររបស់ពួកគេទៅកាន់ប្រទេសអាឡឺម៉ង់។

និយាយទៅកាន់ TNT Sports ក្រោយចប់ការប្រកួត អតីតគ្រូបង្វឹកក្រុម Ajax រូបនេះបានប្រាប់ឲ្យដឹងថា “ខ្ញុំអន់ចិត្តដោយសារពួកយើងគួរតែអាចរក្សាលំនឹងក្នុងការប្រកួត។ បើសិនជាអ្នកស៊ុតបាន 3 គ្រាប់ទល់នឹង Bayern អ្នកគួរតែទទួលយ៉ាងតិចណាស់មួយពិន្ទុ។ ពួកយើងស្ថិតក្នុងពេលវេលាមិនសូវល្អមួយ អ្វីៗជាច្រើនកំពុងតែប្រឆាំងជាមួយយើង។ វាជារឿងមួយដែល Onana ទទួលកំហុសប៉ុន្តែវាក៏ជាបញ្ហារបស់ក្រុមមួយដែរ។ កំហុសតែងតែកើតមានប៉ុន្តែយើងត្រូវតែព្យាយាមបន្តដំណើរទៅមុខជាក្រុម។ បើសិនកីឡាករម្នាក់បង្កកំហុស យើងត្រូវតែជឿជាក់ជាក្រុមថាយើងនឹងអាចកែប្រែស្ថានការបាន ហើយពួកយើងបានបង្ហាញពីវានារាត្រីនេះ”