លោក Paul Heckingbottom មិនពេញចិត្តជាមួយការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ស្របពេល Sheffield ចាញ់ Tottenham

ការចាប់ផ្តើមរដូវកាលដែលមិនទាន់ស្គាល់ពាក្យឈ្នះរបស់ Sheffield United បានបន្ត ហើយអ្នកចាត់ការ Paul Heckingbottom មិនសប្បាយចិត្តទាល់តែសោះជាមួយនឹងការសម្រេចចិត្តរបស់មន្ត្រីអាជ្ញាកណ្តាល។

គ្រូបង្វឹកក្រុម Sheffield United លោក Paul Heckingbottom មានការខឹងសម្បារចំពោះមន្ត្រីអាជ្ញាកណ្តាលបន្ទាប់ពីក្រុមរបស់គាត់បានចាញ់ក្រុម Tottenham ក្នុងការប្រកួតដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅភាគខាងជើងទីក្រុងឡុងដ៍ដោយលទ្ធផល 2-1 ក្នុងម៉ោងបន្ថែម បន្ទាប់ពីបាននាំមុខតាមរយៈការស៊ុតរបស់កីឡាករ Gustavo Hamer។ យ៉ាង​ណា​មិញ គ្រាប់​បាល់​ចុង​ម៉ោង​ចំនួន​ពីរ​បាន​រក្សា​បាន​បី​ពិន្ទុ​​សម្រាប់​ក្រុម Tottenham ខណៈ​ដែល Sheffield United ក៏​បាន​ឃើញកីឡាករ Oli McBurnie ទទួលបានកាតក្រហម ដេញចេញពីការប្រកួត​ផង​ដែរ។

និយាយទៅកាន់ BBC Sport ក្រោយចប់ការប្រកួត លោក Heckingbottom បានទម្លាយឲ្យដឹងថា “ខ្ញុំដឹងថា Spur យកឈ្នះការប្រកួតបាល់ទាត់ ប៉ុន្តែខ្ញុំមានការងឿងឆ្ងល់ជាមួយអាជ្ញាកណ្តាល។ គាត់ព្យាយាមគ្រប់គ្រងរបៀបដែលអ្នកចាំទីរបស់យើងលេង។ យើងឃើញវាតាំងពីនាទីទីមួយមួយ នៅសុខៗអ្នកចាំទីទទួលបានកាតលឿងដោយសារមកយកបាល់លេងនៅក្រៅប្រអប់ ហើយត្រូវបានគម្រាមថានឹងទទួលបានកាតលឿងមួយទៀតបើសិនជាគេមិនលេងបាល់តាមសម្រួល”