តំបន់ការពាររបស់ PSG អាចបង្កជាបញ្ហាធំមួយសម្រាប់លោក Luis Enrique រដូវកាលនេះ

ក្លឹបសេដ្ឋីបារាំង Paris Saint-Germain អាចនឹងជួបប្រទះនូវបញ្ហាតំបន់ការពារ ក្រោយរងបរាជ័យជាលើកដំបូងរបស់គេនៅក្នុងរដូវកាល​​ 2023-2024 នេះក្រោមថ្វីដៃរបស់ក្រុម Nice។

ទោះជាកីឡាករជួរមុខ Kylian Mbappe ព្យាយាមស្រោចស្រង់ក្រុមដោយការទាត់បញ្ចូលទីចំនួនពីរគ្រាប់ក៏ពិតមែន ខ្សែការពាររបស់ PSG នៅតែមិនអាចជួយទប់ទល់នូវចង្វាក់ប្រយុទ្ធរបស់ក្រុម Nice បាន ដោយធ្លាយរហូតដល់ទៅ 3 គ្រាប់នៅក្នុងការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Parc de Princes។

ការបាត់បង់កីឡាករសំខាន់ៗដូចជា Lionel Messi, Neymar Jr, Sergio Ramos នឹង Marco Verratti ត្រូវបានជំនួសដោយកីឡាករចំណូលថ្មីស្ទើរតែមួយក្រុម រួមមាន Marco Asensio, Milan Skriniar, Lee Kang-in, Lucas Hernandez, Arnau Tenas, Goncalo Ramos, Ousmane Dembele, Cher Ndour, Randal Kolo Muani នឹង Bradley Barcola។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Luis Enrique សម្រាប់រដូវកាល 2023-2024 នេះ PSG បានឆ្លងកាត់ការប្រកួតក្នុងលីកចំនួន 5 ដង ដោយឈ្នះ 2 ស្មើ 2 នឹងចាញ់មួយប្រកួត បច្ចុប្បន្នឈរនៅលេខ3 ក្នុងតារាងពិន្ទុ ពីក្រោមក្រុម Monaco នឹង Nice ខណះប្រកួតបន្ទាប់ គឺការបើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមខ្លាំងមកពីអាឡឺម៉ង់ Borussia Dortmund ក្នុងការប្រកួតបើកឆាកពាន UEFA Champions League៕