ប្រធានក្រុម Arsenal កីឡាករ Martin Odegaard បានទម្លាក់នូវតម្រុយដ៏សំខាន់មួយអំពីអនាគតរបស់រូបគេនៅក្នុងបទសម្ភាសន៍មួយខណៈពេលកំពុងបំពេញកាតព្វកិច្ចសម្រាប់ក្រុមជម្រើសជាតិន័រវេ។

អតីតកីឡាករ Real Madrid រូបនេះបាននិយាយអំពីអនាគត និងស្ថានភាពកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅ Arsenal ខណៈកំពុងស្ថិតជាមួយក្រុមជម្រើសជាតិន័រវេ។ វាត្រូវបានគេរាយការណ៍ថាក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍កំពុងរៀបចំផ្តល់ឱ្យគាត់នូវលក្ខខណ្ដ៏ឌប្រសើរនៅឯកីឡដ្ឋាន Emirates។ Odegaard បានប្រាប់ឲ្យដឹងថា “ខ្ញុំមិនមានអ្វីត្រូវនិយាយច្រើននោះទេ ក្រៅពីការពិតដែលខ្ញុំពិតជាសប្បាយចិត្តណាស់នៅ Arsenal ហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចនៅទីនេះរយះពេលយូរ។ ក្រៅពីនេះខ្ញុំមិនមានមតិអ្វីទាំងអស់ ពេលនេះការផ្តោតសំខាន់នោះគឺទៅលើក្រុមជម្រើសជាតិ”។

ប្រធានក្រុមអាយុ 24 ឆ្នាំរូបនេះបានដឹកនាំក្រុម Arsenal ទៅកាន់ចំណាត់ថ្នាក់លេខ 2 កាលពីរដូវកាលមុនក្រោមការដឹកនាំរបស់លោក Mikel Arteta បន្ទាប់ពីចូលរួមជាមួយពួកគេជាអចិន្ត្រៃយ៍មុនរដូវកាល 2021-22។ ក្រុមកាំភ្លើងធំបានស្មើមួយ និងឈ្នះបីប្រកួតក្នុងចំណោមបួនប្រកួតរបស់ពួកគេមកទល់ពេលនេះនៅរដូវកាលនេះ ហើយកំពុងឈរនៅចំណាត់ថ្នាក់ទី 5 ក្នុងតារាងរបស់ Premier League៕