Frank Lampard ត្រូវបានពិចារណាក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ Lyon ក្រោយការចាកចេញរបស់ Laurent Blanc

ក្លឹប Lyon ត្រូវបានគេរាយការណ៍ថាកំពុងចាប់អារម្មណ៍ក្នុងការនាំយកអតីតគ្រូបង្វឹករបស់តោខៀវ Chelsea លោក Frank Lampard បន្ទាប់ពីការបណ្តេញចេញពីតំណែងរបស់លោក Laurent Blanc។

Lampard កំពុងពិភាក្សាជាមួយក្លឹបបារាំង Lyon ទាក់ទងនឹងតំណែងអ្នកចាត់ការដែលនៅទំនេរ នេះបើយោងតាមសារព័ត៌មាន ​​90min។ ការអភិវឌ្ឍន៍នេះកើតឡើងបន្ទាប់ពីការបណ្តេញលោក Blanc ចេញពីតួនាទីបន្ទាប់ពីចំណាយពេលត្រឹម 11 ខែជាមួយ Lyon ហើយមិនអាចទទួលបានលទ្ធផលគាប់ប្រសើរណាមួយនៅរដូវកាលនេះនៅឡើយ។ គិតត្រឹមបច្ចុប្បន្ន Lyon នៅមិនទាន់ស្គាល់រសជាតិឈ្នះសូម្បីតែម្តងក្នុងការប្រកួតបួនលើកដំបូង ទាំងដែលរដូវកាលមុន គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានជួយឲ្យក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ​​ 7។

ខណះដែលបច្ចុប្បន្ន Lampard មិនទាន់មានការងារនៅក្រុមណាមួយនៅឡើយ ក្រោយចាកចេញពី Chelsea ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នកាលពីចុងរដូវកាល 2022-2023 Lyon អាចជាគោលដៅដ៏គួរឲ្យចាប់អារម្មណ៍។ ក្រុមដែលកំពុងលេងនៅ Ligue 1 មួយនេះនឹងត្រូវជួបជាមួយក្រុម Le Havre នៅថ្ងៃទី 17 ខែកញ្ញា ខាងមុខ ដោយមិនទាន់អាចរកគ្រូបង្វឹកថ្មីបាននៅឡើយ៕