Joao Cancelo បាននិយាយថា រូបគេនឹងលេងគ្រប់កន្លែងដែលគ្រូបង្វឹកក្រុម Barcelona លោក Xavi ចង់ឲ្យគាត់លេង ខណះដែលបង្ហាញពីមហិច្ឆតារបស់ខ្លួនចាប់តាំងពីការមកកាន់ប្រទេសអេស្ប៉ាញក្នុងលក្ខខណ្ឌខ្ចីជើង។

ខ្សែការពារស្លាបរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់បានធ្វើការផ្លាស់ប្តូរលក្ខណះបណ្តោះអាសន្ននៅទីផ្សារដោះដូរកីឡាករនារដូវក្តៅ ដោយរូបគេជឿជាក់ថាគេចង់សម្រេចរឿងរ៉ាជាច្រើននៅក្នុងក្លឹបនៃក្តីស្រម៉ៃរបស់រូបគេផ្ទាល់។

ថ្លែងទៅកាន់សារព័ត៌មាន Sport Cancelo បានឲ្យដឹងថា “គ្រូបង្វឹកបានផ្តល់សេរីភាពឲ្យខ្ញុំ ហើយខ្ញុំពិតជាចូលចិត្តវាណាស់។ ខ្ញុំមានអារម្មណ៍ថាស្រួលខ្លួននៅពេលលេងតំបន់ខាងក្នុង នឹងតំបន់ខាងក្រៅ។ ខ្ញុំនឹងព្យាយាមសម្របខ្លួនទៅតាមអ្វីដែលគាត់សួរខ្ញុំ។ ខ្ញុំតែងតែចង់លេងឲ្យ Barca ហើយបង្ហាញអ្នកគាំទ្រដែលជឿជាក់មកលើខ្ញុំ មិនថាស្ថានភាពលំបាកប៉ុណ្ណាឡើយ។ ខ្ញុំចង់សម្រេចបាននូវរឿងល្អៗជាច្រើនជាមួយក្លឹបនេះ ព្រោះវាជាក្លឹបដែលខ្ញុំតែងតែស្រម៉ៃចង់លេងឲ្យ ព្រោះនិមិត្តរូបរបស់ខ្ញុំគឺសុទ្ធសឹងតែលេងនៅ Barca”៕