ការរៀបចំខ្លួនក្នុងនាមជាម្ចាស់ផ្ទះការប្រកួត EURO ឆ្នាំ 2024 របស់ក្រុមជម្រើសជាតិអាឡឺម់ង់ហាក់មិនសមប្រកបតាមការចង់បាននោះឡើយ នៅពេលដែលក្រុមឥន្ទ្រីដែកត្រូវបានបំបាក់ដោយសាម៉ូរ៉ៃជប៉ុនក្នុងលទ្ធផល 4-1។

ក្រុមរបស់ Hansi Flick បានបរាជ័យនៅទីក្រុង Wolfsburg ក្នុងការប្រកួតមិត្តភាពអន្តរជាតិកំឡុងការសម្រាកសម្រាប់ក្រុមជម្រើសជាតិ។ វាគឺជាការបរាជ័យលើកទីបីជាប់ៗគ្នា ហើយបានអូសបន្លាយដំណើរមិនឈ្នះរបស់ពួកគេដល់ទៅ 5 ប្រកួត ដោយជ័យជម្នះចុងក្រោយរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់គឺទល់នឹងក្រុមជម្រើសជាតិប៉េរូកាលពីខែមីនា។

ការបរាជ័យនេះនឹងដាក់សម្ពាធកាន់តែខ្លាំងលើគ្រូបង្វឹក Hansi Flick ដែលជួបការរិះគន់នៅក្នុងប្រទេសកំណើតរបស់គាត់ចាប់តាំងពីពួកគេត្រូវបានធ្លាក់ចេញពី World Cup កាលពីឆ្នាំមុននៅត្រឹមវគ្គចែកពូល។ អតីតគ្រូបង្វឹកក្រុម Bayern Munich រូបនេះអាចនឹងត្រូវបណ្តេញចេញពីតំណែងមុនព្រឹត្តិការណ៍ Euro 2024 ដោយប្រទេសម្ចាស់ផ្ទះនៅមិនទាន់រកឃើញទម្រង់លេងល្អមួយនៅឡើយ៕