អ្នកគាំទ្រ Leeds ត្រូវបានកាត់ទោសជាប់ពន្ធនាគារក្រោយប្រើប្រាស់អំពើហិង្សាលើគ្រូបង្វឹកក្រុម Newcastle

អ្នកគាំទ្រ Leeds United ម្នាក់ត្រូវបានគេរាយការណ៍ថាត្រូវបានកាត់ទោសឱ្យជាប់គុកពីបទប្រើប្រាស់អំពើហិង្សាទៅលើអ្នកចាត់ការក្លឹប Newcastle United លោក Eddie Howe ក្នុងការប្រកួត Premier League កាលពីខែឧសភាកន្លងទៅ។

លោក David Derbyshire វ័យ 35 ឆ្នាំ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយះពេល 12 សប្តាហ៍ ហើយបានទទួលបម្រាមរយះពេល 6 ឆ្នាំ នេះបើតាមការកាត់ក្តីរបស់តុលាការ Leeds Magistrates។ ការវាយប្រហារនេះបានកើតឡើងអំឡុងពេលការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃទី 13 ខែឧសភា រវាងក្រុម Leeds United និង Newcastle United នៅកីឡដ្ឋាន Elland Road ។ នៅនាទីទី 93 នៃការប្រកួត Derbyshire បានចាកចេញពីកៅអីរបស់គាត់ ហើយចូលទៅក្នុងតំបន់បច្ចេកទេសខាងទីលាន ជាកន្លែងដែលគាត់មានជម្លោះពាក្យសំដីជាមួយអ្នកចាត់ការក្លឹប Newcastle United លោក Eddie Howe ។ ស្ថានភាពកាន់តែកើនឡើងនៅពេលដែល Derbyshire បានរុញស្មាខាងឆ្វេងរបស់ Howe។

សន្តិសុខបានចាប់លោក Derbyshire ចេញពីតំបន់ភ្លាមៗ ហើយគាត់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ដោយប៉ូលីស West Yorkshire ។ ការ​វាយ​ប្រហារ​នេះ​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ដោយ​ទាញ​យក​ការ​ចាប់​អារម្មណ៍​យ៉ាង​ទូលំទូលាយ។ ជាការឆ្លើយតបទៅនឹងឧប្បត្តិហេតុនេះ Leeds United បានហាមឃាត់ Derbyshire អស់មួយជីវិត ដោយសង្កត់ធ្ងន់លើគោលការណ៍មិនអត់ឱនចំពោះអាកប្បកិរិយាបែបនេះ។ សាមីខ្លួនលោក Howe កាលនោះក៏បានចេញមកបង្ហាញពីប្រតិកម្មនៃរឿងរ៉ាវមួយនេះ ដែលគ្រប់គ្នាជឿថាជារឿងដែលមិនគួរកើតមានសម្រាប់អ្នកគាំទ្របាល់ទាត់៕