លោក Gerardo Martino ដែលមានរហស្សនាមថា Tata ត្រូវបានប្រកាសជាផ្លុវការក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្រុម Inter Miami ដែលទើបតែបានចុះកុងត្រាជាមួយ Lionel Messi កាលពីពេលថ្មីៗនេះ។

Martino ជាគ្រូបង្វឹកមួយរូបស្គាល់ Messi ច្បាស់ ដោយបានគ្រប់គ្រងគាត់ទាំងក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន និង Barcelona ហើយឥឡូវនេះនឹងភ្ជាប់ទំនាក់ទំនងជាមួយម្ចាស់ជើងឯក World Cup ម្តងទៀតក្នុង Major League Soccer ។ Martino ធ្លាប់បង្វឹកនៅអាមេរិកពីមុន ដោយបានដឹកនាំ Atlanta United និងបានទទួលពានរង្វាន់ MLS Coach of the Year ឆ្នាំ 2018 ថែមទៀតផង។ កំឡុងពេលជាមួយគ្នានៅ Barcelona Messi និង Martino ធ្លាប់បានឈ្នះពាន Spanish Super Cup ប៉ុន្តែពួកគេមិនអាចលើក La Liga ឬ Champions League បានទេ។

Inter Miami បានបណ្តេញលោក Phil Neville នៅដើមរដូវកាលនេះ ហើយបច្ចុប្បន្នកំពុងស្ថិតនៅបាតតារាងនៃតំបន់ភាគខាងកើត។ ពួកគេបានឈ្នះត្រឹមតែប្រាំដងក្នុងចំណោម 18 ប្រកួតរបស់ពួកគេ ហើយត្រូវបានក្រុម Philadelphia Union យកឈ្នះយ៉ាងចាស់ដៃក្នុងលទ្ធផល 4-1 ក្នុងការប្រកួតចុងក្រោយរបស់ពួកគេជាមួយ Phil៕