Jack Grealish សប្បាយគ្មានលួសមួយថ្ងៃ ក្រោយ Man City សម្រេចបានពាន 3 ក្នុងមួយរដូវកាលលើកដំបូង

Jack Grealish នៅតែបន្តការសប្បាយរីករាយមិនឈប់ឈរ ក្រោយការសម្រេចនូវការលើកពានធំៗចំនួន 3 របស់ក្លិបមេឃខៀច Manchester City ដោយកីឡាករសញ្ជាតិអង់គ្លេសរូបនេះនៅតែរីករាយនឹងការប្រារព្ធពិធីដ៏អស្ចារ្យមួយចំនួនថែមទៀតផង។

កីឡាករវ័យ 27 ឆ្នាំដែលបានក្លាយជាកីឡាករថ្លៃបំផុតក្នុងកីឡាបាល់ទាត់អង់គ្លេសនៅពេលចូលរួមជាមួយ Man City ក្នុងតម្លៃ 100 លានផោន នៅរដូវក្តៅឆ្នាំ 2021 បាននិងកំពុងរីករាយនឹងសមិទ្ធិផលប្រវត្តិសាស្ត្រដែលក្រុមរបស់លោក Pep Guardiola បំបែកបាននៅក្នុងឆ្នាំ 2022-23 ។ Man City បានឈ្នះពានរង្វាន់ Premier League, FA Cup និង Champions League ដែលអនុញ្ញាតឱ្យពួកគេរីករាយនឹងការដង្ហែរក្បួនរថយន្តក្រុងឆ្លងកាត់ទីក្រុង Manchester ។ Grealish មិនដែលបញ្ឈប់ការអបអររបស់ខ្លួននោះឡើយ រាប់ចាប់តាំងការផ្លុំកញ្ចែបញ្ចប់ការប្រកួតនៅទីក្រុង  Istanbul ដែលមិនអាចបំភ្លេចបាន ដោយខ្សែប្រយុទ្ធស្លាបដែលមានការវាយតម្លៃខ្ពស់រូបនេះបានបង្ហោះរូបភាពដោះអាវនៅលើបណ្តាញសង្គម ដែលសង្ខេបពីអារម្មណ៍ពិតរបស់គាត់នាពេលនេះ។

គួររំលឹកផងដែរថា Man City បានបំបែកសមិទ្ធិផលរបស់ក្រុមរួមទីក្រុង ពោលគឺក្រុម Manchester United ពីឆ្នាំ 1999 ដោយក្រុមរបស់លោក Guardiola ឥឡូវនេះនឹងបន្ថែមពានរង្វាន់ UEFA Super Cup និង FIFA Club World Cup ទៅក្នុងកាលវិភាគរបស់ពួកគេសម្រាប់រដូវកាល 2023-2024៕