អ្នកចាំទីរបស់ក្រុមសេដ្ឋីបារាំង Paris Saint-Germain កីឡាករ Sergio Rico ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីមានឧប្បត្តិហេតុទាក់ទងនឹងសេះ។

អ្នកចាំទីសញ្ជាតិអេស្ប៉ាញបានត្រលប់ទៅទីក្រុង Sevilla វិញបន្ទាប់ពីក្រុម PSG ទទួលជ័យជម្នះក្នុងលីកកាលពីល្ងាចថ្ងៃសៅរ៍។ ក្រោយឈ្នះពាននេះ ក្លិបបានអនុញ្ញាតឲ្យកីឡាកររបស់ខ្លួនធ្វើដំណើរកម្សាន្តដោយសេរី។ ឧប្បត្តិហេតុនេះបានកើតឡើងខណៈពេលដែល Rico កំពុងជិះសេះ ប៉ុន្តែអ្នករួមដំណើររបស់គាត់បានបង្ហាញថា វាមិនមែនជាការធ្លាក់ពីលើសេះនោះទេ។ វាត្រូវបានគេជឿថា Rico ត្រូវបានបុកដោយសេះដែលកំពុងតែបោលទៅមុខដោយល្បឿនលឿន។

គាត់ត្រូវបានគេលើកតាមយន្តហោះទៅកាន់មន្ទីរពេទ្យ Virgen del Rocio ជាកន្លែងដែលគាត់នឹងត្រូវទទួលការពិនិត្យសុខភាព ហើយត្រូវបានហ៊ុំព័ទ្ធដោយក្រុមគ្រួសារ និងមិត្តភក្តិរបស់គាត់។ អ្នកនាំពាក្យរបស់ PSG បានប្រាប់ BBC ថា អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលអាចមានការប៉ះពាល់ជាខ្លាំងដល់អាជីពបាល់ទាត់របស់គេ៕