Bukayo Saka បានសារភាពថាវាពិតជារឿងមួយដែលឈឺចាប់ បន្ទាប់ពីការភ្លាត់មិនបានលើកពានរង្វាន់របស់ Arsenal ប៉ុន្តែទទូចថាក្រុមនៅតែស្រេកឃ្លានក្នុងការឈ្នះពានរង្វាន់ដដែលសម្រាប់រដូវកាលក្រោយ។

ក្រុមកាំភ្លើងធំបានចំណាយពេលចំនួន 248 ថ្ងៃនៅលើកំពូលតារាង Premier League ប៉ុន្តែបានទទួលរងនូវការធ្លាក់ចុះនៃទម្រង់លេងនៅចុងរដូវកាលនេះ ដែលអនុញ្ញាតឲ្យក្រុម Manchester City តាមទាន់ និងឈ្នះពានលីកកំពូលអង់គ្លេសយកតែម្តង។ ជាក់ស្តែង ពួកគេឈ្នះត្រឹមតែពីរលើកប៉ុណ្ណោះក្នុងការប្រកួត 5 លើកចុងក្រោយ រួមទាំងការចាញ់ក្រុមជើងឯក 4-1 ក្រោមការដឹកនាំរបស់ Man City ហើយនេះអាចជាមូលហេតុនៃការធ្លាក់ដុនដាបរបស់ Arsenal។

ក្នុងការសម្ភាសន៍ជាមួយលោក Ian Wright ខ្សែប្រយុទ្ធស្លាបស្តាំសញ្ជាតិអង់គ្លេសរូបនេះបានលើកឡើងថា “ពួកយើងកំពុងដើរនៅលើគន្លងត្រូវហើយ។ ពួកយើងបានកែប្រែមុខមាត់ច្រើន។ សម្រាប់រដូវកាលនេះ វាពិតជាឈឺចាប់ណាស់ជាពិសេសពេលគិតដល់របៀបដែលយើងបញ្ចប់រដូវកាលរបស់យើង ប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបាននោះគឺ យើងបានរីកចម្រើនច្រើន។ ពួកយើងស្រេកឃ្លានក្នុងការឈ្នះពាន ហើយពួកយើងចង់ឈ្នះពានសម្រាប់ Arsenal បន្តទៀត”៕