ខ្សែបម្រើវវ័យក្មេងរបស់ FC Barcelona កីឡាករ Frenkie de Jong បានពន្យល់ពីមូលហេតុដែលការផ្ទេរទៅ Manchester United កាលពីឆ្នាំ 2022 មិនបានកើតឡើង ដោយកីឡាករសញ្ជាតិហូឡង់រូបនេះថែមទាំងបានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះ Barcelona។

De Jong បានឃើញអនាគតរបស់គាត់ត្រូវបានចោទជាសំណួរជុំវិញការផ្ទេរកីឡាករពីរលើកចុងក្រោយ ដោយមានការរំពឹងទុកជាច្រើនដែលបង្ហាញថាគាត់អាចនឹងចាកចេញពីទឹកដី Camp Nou ។ Manchester United ត្រូវបានគេជឿថាជាគោលដៅបន្ទាប់ ដោយ Erik ten Hag មានបំណងចង់ជួបជុំគ្នានៅ Old Trafford ជាមួយកីឡាករដែលគាត់ធ្លាប់ធ្វើការជាមួយកាលដឹកនាំនៅ Ajax ប៉ុន្តែបែរជាគ្មានកិច្ចព្រមព្រៀងត្រូវបានឈានមកដល់ការសម្រេចនោះឡើយ។

ជុំវិញរឿងរ៉ាវពីមុនរបស់ de Jong ជាមួយ Man Utd កីឡាកររូបនេះបានចេញមកនិយាយក្នុងបទសម្ភាសន៍ថា “Manchester United បានពិភាក្សាគ្នារួចហើយជាមួយ Barcelona កាលពីរដូវក្តៅមុន ទោះបីជាការពិតខ្ញុំចង់បន្តនៅទីនេះក៏ដោយ។ ក្លិបស្ថិតក្នុងស្ថានភាពលំបាក។ គេអាចលក់ខ្ញុំបានថ្លៃធំ ហើយគេចង់ធ្វើបែបនេះ ប៉ុន្តែខ្ញុំមិនចង់ចាកចេញទេ ទើបខ្ញុំសម្រេចចិត្តយ៉ាងមុតមាំថាបន្តនៅ។ ប្រសិនបើអ្វីៗដំណើរការល្អសម្រាប់ខ្ញុំ និងសម្រាប់ក្លិប នោះខ្ញុំចង់ស្នាក់នៅទីនេះឲ្យបានយូរតាមដែលអាចធ្វើទៅបាន។ ខ្ញុំបានឈ្នះពានលីកកំពូលនៅទីនេះ ដូច្នេះឥឡូវនេះនៅសល់រឿងមួយសម្រាប់ខ្ញុំក្នុងការឈ្នះក្នុងរដូវកាលនេះ ហើយនោះគឺជាការឈ្នះ UEFA Nations League ជាមួយហូឡង់។ វាមិនមែនជា Euros ឬ World Cup ទេ ប៉ុន្តែខ្ញុំគិតថា វានឹងជាសញ្ញាល្អប្រសិនបើយើងអាចឈ្នះវា”៕