ខ្សែបម្រើវ័យក្មេង Alejandro Garnacho បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីនៅ Manchester United ដោយកុងត្រាថ្មីទាំងនោះនឹងរក្សាគាត់ឲ្យនៅលេងក្នុងកីឡដ្ឋាន Old Trafford រហូតដល់ឆ្នាំ 2028 ។

ខ្សែបម្រើស្លាបវ័យ 18 ឆ្នាំដែលមានការវាយតម្លៃខ្ពស់គឺជាផលិតផលមួយផ្សេងទៀតនៃថ្នាលយុវជនដ៏ល្បីល្បាញរបស់បិសាចក្រហម និងបានលើកពាន FA Youth Cup នៅឆ្នាំ 2022។ គាត់បានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រជាច្រើន ចាប់តាំងពីការបង្ហាញខ្លួនឲ្យឈុតធំដំបូង ដោយស៊ុតបញ្ចូលទីបានចំនួន 4 គ្រាប់តាមរយៈការបង្ហាញខ្លួន 29 ដងក្នុងការប្រកួតទាំងអស់រដូវកាលនេះ Garnacho ត្រូវបានគេចាត់ទុកថាជាយុវជនល្អមិនគួររំលង ហើយគាត់មានសេចក្តីសោមនស្សរីករាយដែលបានបញ្ចប់មន្ទិលសង្ស័យនៃលទ្ធភាពក្នុងការចាកចេញពី Man Utd នៅពេលឆាប់ៗខាងមុខ។

ក្រោយបានសម្រេចចុះកុងត្រា Garnacho បានថ្លែងឲ្យដឹងនៅក្នុងគេហទំព័រផ្លូវការរបស់ Man United ថា “នៅពេលដែលខ្ញុំបានចូលរួមជាមួយក្លឹបដ៏អស្ចារ្យនេះ ខ្ញុំសុបិនចង់សម្រេចបានការបង្ហាញខ្លួនលើកដំបូងរបស់ខ្ញុំ លេងនៅ Old Trafford ស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ខ្ញុំ និងឈ្នះពានរង្វាន់ជាមួយនឹងផ្លាកសញ្ញានេះនៅលើទ្រូងរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍មោទនកភាព និងរំជួលចិត្តជាខ្លាំងដែលបានឆ្លងកាត់គ្រាទាំងនេះរួចជាស្រេច រួមជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំ ដែលបានគាំទ្រខ្ញុំគ្រប់ជំហាន”៕
ប្រភព : MUTV