ខ្សែបម្រើប្រយុទ្ធ Paulo Dybala ធ្លាប់បានសារភាពប្រាប់ទៅកាន់ Cristiano Ronaldo កំឡុងពេលពួកគេនៅជាមួយគ្នាក្នុងនាមជាកីឡាកររបស់ក្រុមសេះបង្កង់ Juventus ថាគាត់ស្អប់ Ronaldo កាលពីនៅក្មេង ដោយសារតែឫសគល់ជាជនជាតិអាហ្សង់ទីនរបស់គាត់។

កីឡាករទាំងពីរបានចំណាយពេល 3 រដូវកាលជាមួយគ្នា មុនពេលកីឡាករសញ្ជាតិព័រទុយហ្គាល់ត្រលប់មក Manchester United វិញនៅរដូវក្តៅឆ្នាំ 2021 ដោយបានលើកពាន Serie A ចំនួនពីរ និងពានក្នុងស្រុកមួយចំនួននៅពេលនោះ។ អ្វីដែលចម្លែកនោះគឺ ការលេងជាមួយកីឡាករដ៏អស្ចារ្យដូចជា Ronaldo នៅកម្រិតក្លឹបនៅតែជាអារម្មណ៍ចម្លែកសម្រាប់ Dybala ដែលភាពស្មោះត្រង់ក្នុងការជជែកវែកញែកជុំវិញរឿង Ronaldo និង Messi បានផ្តល់ទៅកាន់មិត្តរួមក្រុមជម្រើសជាតិអាហ្សង់ទីនបាត់ទៅហើយ ដូចដែលគាត់បាននិយាយលេងសើចជាមួយ Ronaldo ពេលដែល Juventus កំពុងតែហោះហើរសម្រាប់ការប្រកួតមួយ។

កីឡាករដែលកំពុងប្រកបអាជីពនៅ Roma ក្រោមការដឹកនាំរបស់ Jose Mourinho បាននិយាយជាលក្ខណះបើកចំហរថា “វាជារឿងដ៏ល្អដែលបានចំណាយពេល3ឆ្នាំជាមួយ Cristiano ក្រុមមានភាពរឹងមាំ ហើយគាត់បានផ្តល់ឲ្យយយើងនូវអ្វីមួយបន្ថែមទៀត។ ការប្រជែងគ្នារវាងគាត់ និង Messi គឺបានដក់ជាប់យ៉ាងជ្រាលជ្រៅនៅក្នុងប្រទេសអាហ្សង់ទីន ហើយកាលពីនៅក្មេង ពិតណាស់ខ្ញុំតែងតែនៅខាង Messi ។ ពេលយើងជិះយន្តហោះត្រៀមការប្រកួតមួយ ខ្ញុំនៅខាងក្រោយ ហើយគាត់អង្គុយនៅមុខ។ ពេលនោះគាត់មករកខ្ញុំដើម្បីនិយាយអំពីបាល់ទាត់ និងរឿងផ្សេងៗទៀត។ ពេលនោះខ្ញុំក៏បានសារភាពពីអារម្មណ៍ផ្ទាល់របស់ខ្ញុំថា ខ្ញុំស្អប់អ្នកតាំងពីក្មេង បន្ទាប់មកពួកយើងក៏នាំគ្នាផ្ទុះសំណើចតែម្តង”៕
ប្រភព : DAZN