គោលដៅរបស់ Arsenal មួយរូប គ្រោងបន្តកុងត្រាជាមួយក្លិបខ្លួន

ក្លិបបាល់ទាត់ Arsenal ពេលនេះប្រហែលជាត្រូវជួបរឿងមិនសមប្រកបធំមួយ ក្រោយពេលលេចលឺដំណឹងថាគោលដៅរបស់ខ្លួនត្រៀមរៀបចំចុះកុងត្រាថ្មីជាមួយក្លិបរបស់គេ។

បើតាមការរាយការណ៍ពី Football Insider បានឲ្យដឹងថា កីឡាករ Ollie Watkins ដែលត្រូវបានគេចាត់ទុកថាជាគោលដៅរយះពេលវែងមួយរបស់ក្រុមកាំភ្លើងធំ កំពុងតែស្ថិតក្នុងដំណើរឆ្ពោះទៅរកការបន្តកុងត្រាថ្មីមួយទៀតជាមួយក្លិប Aston Villa ហើយ។
ខ្សែប្រយុទ្ធវ័យ27ឆ្នាំ ដែលគ្រោងនឹងផុតកុងត្រានៅឆ្នាំ 2025 ត្រូវលោក Unai Emery ពេញចិត្តនឹងចាប់អារម្មណ៍ជាខ្លាំង ដោយទុកចិត្តរូបគេក្នុងការបន្ថែមកុងត្រាថ្មីដែលមិនទាន់បញ្ជាក់ច្បាស់ពីរយះពេល ប៉ុន្តែប្រាក់ពលកម្មរបស់ Watkins គឺនឹងមានការកើនឡើងលើសពី 1សែនផោនក្នុងមួយសប្តាហ៍ដែលនេះអាចចាត់ទុកថាជាការតម្លើងមួយដ៏ធំសម្រាប់ Watkins ក្នុងនាមជាខ្សែប្រយុទ្ធជួរមុខរបស់ក្លិប៕