អ្នកប្រដាល់សកល៤រូបដែលគ្រូបង្វឹកមានជំនឿចិត្តខ្ពស់

សម្រាប់ព្រឹត្តិការណ៍ Asian Elite Man and Women Boxing Championship (ASBC) ដែលកំពុងតែធ្វើនៅប្រទេសហ្សកដង់ គ្រូបង្វឹករបស់កម្ពុជា លោក ជ័យ ណារ៉ា បានដាក់ក្ដីសង្ឃឹមខ្ពស់លើអ្នកប្រដាល់ចំនួន៤រូប។

លោក ជ័យ ណារ៉ា គ្រូជំនួយក្រុមកីឡាប្រដាល់សកលជម្រើសជាតិកម្ពុជា បានឲ្យដឹងថា កីឡាករកម្ពុជាដែលទៅចូលរួមប្រកួតជើងឯកប្រដាល់សកលអាស៊ី នៅប្រទេសហ្ស៊កដង់នេះ លោកជឿជាក់រហូតដល់៧០% ថានឹងទទួលបានមេដាយជូនជាតិ។ ក្នុងចំណោមកីឡាករ៤រូប ដែលចេញដំណើរពីប្រទេសកម្ពុជា លោកសង្ឃឹមច្រើនជាងគេគឺកីឡាករ វ៉ែន រដ្ឋា និងកីឡាករ សៅ រង្សី។

 

ចំណែកឯកីឡាករកូនកាត់ខ្មែរ-អ៊ូបេហ្គីស្ថាន២រូបដែលកំពុងហ្វឹកហាត់នៅប្រទេសអ៊ូបេហ្គីស្ថាន គឺកីឡាករណាស្រេឌីនូវអាន់វ៉ា និងរ៉ាចាពៅអាប់ឌុលឡា ក៏លោកសង្ឃឹមទទួលបានមេដាយជូនជាតិដែរ។

 

លោក ណារ៉ា បានបន្តឱ្យដឹងទៀតថា កីឡាករប្រដាល់សកលកម្ពុជា បច្ចុប្បន្នរីកចម្រើនច្រើនទាំងកម្លាំងបច្ចេកទេសនិងកាយសម្បទា ប៉ុន្តែលោកនៅតែបារម្ភដោយសារយើងធ្វើដំណើរផ្លូវឆ្ងាយ ដូច្នេះកម្លាំងអាចនឹងធ្លាក់ចុះ។

ម្យ៉ាងវិញទៀតយើងនៅមិនទាន់ដឹងពីសមត្ថភាពរបស់គេច្បាស់ទេព្រោះជាព្រឹត្តិការណ៍ធំ មានប្រទេសច្រើនចូលរួម។ ទោះបីជាយ៉ាងណា កីឡាករកម្ពុជានឹងប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីនាំយកជ័យជម្នះជូនជាតិ។

 

សូមបញ្ជាក់ថា ប្រតិភូកីឡាប្រដាល់សកលកម្ពុជាទាំង៩រូប ដែលធ្វើដំណើរទៅប្រកួតជើងឯកប្រដាល់សកលអាស៊ីនេះ ដឹកនាំដោយលោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក Kassymkhanov Berikbol Amantayevich គ្រូបង្គោល លោក ជ័យ ណារ៉ា គ្រូបង្វឹក កីឡាករ សៅ រង្សី, នូវ សុខទី, ទូច ដេវីត, វ៉ែន រដ្ឋា, ណាស្រេឌីនូវ អាន់វ៉ា និងកីឡាករ រ៉ាចាពៅ អាប់ឌុលឡា៕