កីឡាករ Olivier Giroud បានប្រកាសថា ការប្រកួតជើងឯកអឺរ៉ុបនៅរដូវក្តៅនេះនឹងក្លាយជាការប្រកួតចុងក្រោយរបស់គាត់ក្នុងអាជីពជាមួយក្រុមជម្រើសជាតិបារាំង។

Giroud នឹងចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមមាន់គកបារាំង។ ខ្សែប្រយុទ្ធជើងចាស់រូបនេះបានលេងអោយក្រុមជម្រើសជាតិយ៉ាងជាប់លាប់ ក្រោមការដឹកនាំរបស់លោក Didier Deschamps ក្នុងរយៈពេល 12 ឆ្នាំ។ Giroud បានបង្ហាញពីការតបស្នងដឹងគុណទៅលើលោក Deschamps ដោយការដើរតួនាទីមិនគិតតែពីខ្លួនឯងក្នុងការឈ្នះពាន World Cup 2018 ប៉ុន្តែឥឡូវនេះកីឡាករវ័យ 37 ឆ្នាំរូបនេះបានបញ្ជាក់យ៉ាងពីចេតនាក្នងការដើរចេញពីអាជីពបាល់ទាត់ជាមួយក្រុមជម្រើសជាតិរបស់ខ្លួន។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន L’Equipe Giroud បានទម្លាយថាខ្លួនសម្រេចបែបនេះគឺដោយសារចង់ផ្តល់កន្លែងសម្រាប់យុវជនក្មេងៗដែលមានទេពកោសល្យ ស្របពេលដែលខ្លួននៅមានកម្លាំងលេងបាល់ទាត់ត្រឹមតែពីរឆ្នាំទៀតប៉ុណ្ណោះ ដូចនេះពេលវេលានៃការចូលនិវត្តន៍របស់ខ្លួនគឺពិតជាត្រឹមត្រូវយ៉ាងខ្លាំង។ គួររំលឹកផងដែរថា កីឡាកររូបនេះបង្ហាញខ្លួនបាន 131 ដងសម្រាប់ក្រុមជម្រើសជាតិបារាំង ហើយរកបាន57 គ្រាប់ដោយបំបែកកំណត់ត្រារបស់ Thierry Henry កាលពីឆ្នាំ 2022 ហើយមានឈ្មោះជាកីឡាករចាស់បំផុតដែលអាចស៊ុតបញ្ចូលទីសម្រាប់ក្រុមបារាំង៕