Bayern Munich នឹងត្រូវជះលុយទ្រង់ទ្រាយធំ បើសិនចង់បានគ្រូថ្មីដែលទើបព្រមព្រៀងគ្នាក្រៅផ្លូវការមួយនេះ

របាយការណ៍ជាច្រើនបានទម្លាយថា​ ក្លឹបយក្សអាឡឺម៉ង់ Bayern Munich នឹងត្រូវធ្វើការចំណាយប្រាក់ទ្រង់ទ្រាយធំដើម្បីព្យាយាមនាំលោក Vincent Kompany ពីក្លឹប Burnley។

Bayern កាន់តែកៀកក្នុងការធានាហត្ថលេខារបស់ Kompany ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្រុម បន្ទាប់ពីការចាកចេញរបស់លោក Thomas Tuchel នៅចុងរដូវកាល 2023-2024។ ទោះជាក្លឹបទាំងពីរបានយល់ព្រមក្នុងកិច្ចចរចារមិនផ្លូវការក៏ដោយ ប៉ុន្តែក្លឹបអង់គ្លេស ទំនងជាតម្រូវអោយ Bayern បង់ប្រាក់ចំនួន 20 លានអឺរ៉ូក្នុងនាមជាថ្លៃសំណង នេះបើតាមការបញ្ជាក់ពីសារព័ត៌មាន Sky Sport។

ប្រភពដដែលបានបន្ថែមទៀតថា Bayern កំពុងមានភាពស្ទាក់ស្ទើរជាខ្លាំងក្នុងការចំណាយប្រាក់ដ៏ច្រើនមួយនេះ តែកិច្ចចរចាររវាងភាគីទាំងពីរនៅមិនទាន់ឈានមកដល់ទីបញ្ចប់នៅឡើយទេ។ Burnley ទំនងជាមិនចង់ទម្លាក់តម្លៃសម្រាប់គ្រូបង្វឹកដែលមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ 2028 នោះឡើយ ហើយការទាមទារថ្លៃបែបនេះគឺដើម្បីយកមកវិនិយោគទៅលើកីឡាករថ្មីៗវិញ ក្រោយទើបធ្លាក់ចេញពី Premier League កាលពីពេលថ្មីៗនេះ៕