អ្នកគាំទ្របាល់ទាត់មួយចំនួនបានបង្កើតជាការចោទសួរយ៉ាងខ្លាំងទៅដល់អាជ្ញាកណ្តាល នៅពេលដែលអ្នកចាំទីរបស់ក្រុម Aston Villa ពោលគឺ Emiliano Martinez ទទួលបានកាតលឿងទីពីរទល់នឹង Lille អំឡុងពេលស៊ុតបាល់កាត់សេចក្តី 11 ម៉ែត្រប៉ុន្តែមិនត្រូវបានបណ្តេញចេញទៅវិញ។

Martinez បានធ្វើឱ្យប្រជាជនបារាំងមានការខូចចិត្តម្តងទៀត ខណៈដែលគាត់បានធ្វើការសង្គ្រោះចំនួនពីរ អំឡុងពេលការស៊ុតបាល់ប៉េណាល់ទីរបស់ Aston Villa ទល់នឹង Lille ។ កីឡាករអាហ្សង់ទីនបានសង្គ្រោះបាល់ប៉េណាល់ទីដំបូងរបស់ Lille ដែលស៊ុតចេញពី Nabil Bentaleb ហើយភ្លាមៗនោះបានងាកទៅរកអ្នកគាំទ្រក្នុងទម្រង់សើចចំអកឌឺដង។ បន្ទាប់មក ខណៈពេលដែលឈរនៅចំហៀងមើល Ollie Watkins រៀបចំការទាត់បាល់ គាត់បានបង្ហាញសកម្មភាពមិនសមរម្យទៅកាន់អ្នកគាំទ្រ ហើយត្រូវបានអាជ្ញាកណ្តាល Ivan Kruzliak បង្ហាញកាតលឿងជាលើកទីពីររបស់គាត់នៅក្នុងមួយប្រកួត បន្ទាប់ពីបានកាតលឿងម្តងកាលពីពាក់កណ្តាលទីមួយសម្រាប់ការខ្ជះខ្ជាយពេលវេលា។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ Martinez ត្រូវបានអនុញ្ញាតឱ្យបន្តខណៈដែលគាត់បានសង្រ្គោះបាល់ប៉េណាល់ទីមួយផ្សេងទៀតដើម្បីដឹកនាំក្រុមរបស់លោក Unai Emery ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa Conference League។

Martinez អាចនៅបន្តលេងបានទាំងដែលខ្លួនទទួលបានកាតលឿងពីរដងក្នុងមួយប្រកួត ដោយសារច្បាប់ពិសេស និងមិនធ្លាប់បានលឺដែលមាននៅក្នុងសៀវភៅច្បាប់របស់សហព័ន្ធបាល់ទាត់អឺរ៉ុប។ យោងតាមគោលការណ៍ណែនាំរបស់ UEFA កីឡាករទាំងឡាយនៅក្នុងការប្រកួតនឹងត្រូវបានដោះលែងពីការជាប់កាតលឿងនៅពេលដែលការប្រកួតឈានដល់ការទាត់បាល់កាត់សេចក្តី 11 ម៉ែត្រ ដោយដូចនេះ វាបានរាប់ថាជាកាតលឿងដំបូងរបស់អ្នកចាំទីក្រុមជម្រើសជាតិអាហ្សង់ទីន៕