ក្រុម Bayer Leverkusen របស់លោក Xabi Alonso បានគេចផុតពីការបរាជ័យដោយគ្រាប់បាល់តាមស្មើចុងម៉ោងក្នុងការប្រកួតពាន Europa League វគ្គ 16 ក្រុមចុងក្រោយជើងទីមួយទល់នឹងក្រុម Qarabag។

Leverkusen មានទម្រង់លេងគួរឲ្យកត់សម្គាល់ក្នុងក្របខណ្ឌ Bundesliga ក្នុងរដូវកាលនេះ ដោយឈរពីលើក្រុមលេខ2 Bayern Munich រហូតដល់ទៅ 10ពិន្ទុ។ ពួកគេមិនបានចាញ់ការប្រកួតក្នុងស្រុកទេ ប៉ុន្តែស្ទើរតែភ្លក់រសជាតិបរាជ័យដ៏អាម៉ាស់លើក្រុមមកពីប្រទេសអាហ្ស៊ែបៃហ្សង់ក្នុងការប្រកួតជើងទីមួយនៃការប្រកួតជុំទី 16 របស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។

ក្រោយភ្លាត់អោយក្រុមម្ចាស់ផ្ទះនាំមុខមុន 2-0 កីឡាករ Florian Wirtz បានស៊ុតពីក្រោយមួយគ្រាប់នៅនាទីទី 70 មុនពេលខ្សែប្រយុទ្ធ Patrik Schick រកបានគ្រាប់បាល់តាមស្មើនៅម៉ោងបន្ថែមដើម្បីរក្សាកំណត់ត្រាដ៏ល្អរបស់ក្លឹប។ ក្រុមទាំងពីរនឹងត្រូវប៉ះគ្នាសម្រាប់ជើងទីពីរនៅសប្តាហ៍ក្រោយនាឯប្រទេសអាឡឺម៉ង់ ក្រោយពេល Leverkusen ជួប Wolfsburg នៅក្នុងលីកចុងសប្តាហ៍នេះ៕