កិច្ចព្រមព្រៀងរបស់ Man City សម្រាប់កីឡាករ Girona មួយនេះនឹងមិនអាចដើររលូនដូចការផ្ទេរកីឡាករដទៃដោយសារមូលហេតុនេះ

កិច្ចព្រមព្រៀងដែលជិតមកដល់របស់ Manchester City សម្រាប់ខ្សែប្រយុទ្ធស្លាប Savinho កំពុងស្ថិតក្រោមការត្រួតពិនិត្យដោយ Premier League ខណៈដែលពួកគេគ្រោងនឹងចុះហត្ថលេខាសម្រាប់កីឡាករមកពីក្លឹបដែលមានជាប់ពាក់ព័ន្ធ។

ក្រុមជើងឯកអង់គ្លេសត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកីឡាករវ័យ 19 ឆ្នាំពីក្លឹបបារាំង Troyes ដែលជាកម្មសិទ្ធិរបស់ក្លឹបបាល់ទាត់ City Football Group ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើ Man City នឹងចំណាយប្រាក់ប៉ុន្មានសម្រាប់ Savinho នោះឡើយ ដោយសារព័ត៌មាន The Telegraph អះអាងថា Premier League នឹងធ្វើការត្រួតពិនិត្យមើលកិច្ចព្រមព្រៀងសម្រាប់តម្លៃទីផ្សារសមរម្យ។

Savinho បច្ចុប្បន្នកំពុងជាប់ភារកិច្ចខ្ចីជើងនៅ Girona ដែលជាក្លឹបដែលគ្រប់គ្រងដោយ City Football Group មួយផ្សេងទៀត ហើយបានទាក់ទាញការដេញថ្លៃពីក្លឹប Premier League និង Bundesliga ដែលមានតម្លៃរហូតដល់ទៅ 25 លានផោន។ Man City កំពុងរៀបចំបញ្ចប់កិច្ចព្រមព្រៀងមួយសម្រាប់កីឡាករប្រេស៊ីល ប៉ុន្តែអាជ្ញាធរលីកអង់គ្លេសនឹងត្រូវឱ្យតម្លៃគាត់ ដើម្បីប្រាកដថាការផ្ទេរនេះគឺត្រឹមត្រូវស្របច្បាប់មួយ។ យោងតាមសារព័ត៌មាន Relevo បានទម្លាយថា Man City នឹងទិញគាត់ពី Troyes ហើយដាក់អោយរូបគេទៅលេងនៅ Girona ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាល 2024-25 ប្រសិនបើពួកគេមានកៅអីសម្រាប់ការប្រកួត Champions League៕