Olivier Giroud បានបញ្ចេញតម្រុយពីការចូលនិវត្តន៍ពីបាល់ទាត់ជម្រើសជាតិបន្ទាប់ពីព្រឹត្តិការណ៍ Euro 2024 ខណៈដែលគាត់ដាក់ស្លាកវាថាជាពានរង្វាន់ដែលបាត់តែមួយគត់នៅក្នុងកំណត់ត្រាលើកពានរបស់គាត់។

ខ្សែប្រយុទ្ធរូបនេះកំពុងតាមដានយ៉ាងជិតស្និទ្ធក្នុងការចាប់ឆ្នោតសម្រាប់ការប្រកួតនៅ Euro 2024 ហើយបានឃើញបារាំងជាប់ក្នុងពូល D រួមជាមួយអូទ្រីស ហូឡង់ និងអ្នកឈ្នះវគ្គ Playoff A ក្នុងចំណោមប៉ូឡូញ វេល ហ្វាំងឡង់ និងអេស្តូនី។ វាគឺជាពានមួយក្នុងចំណោមពានដែល Giroud មិនទាន់ឈ្នះក្នុងអាជីពដ៏ត្រចះត្រចង់របស់គាត់ ហើយកីឡាករវ័យ 37 ឆ្នាំរូបនេះបានប្ដេជ្ញាថានឹងមិនលាក់សមត្ថភាពរបស់ខ្លួននោះឡើយក្នុងការជួយក្រុមជម្រើសជាតិបារាំង។

ថ្លែងទៅកាន់ RMC Sport Giroud បាននិយាយថា “ខ្ញុំខកខានតែពាន Euro នេះទេ។ ប្រសិនបើយើងឈ្នះវា ខ្ញុំនឹងសម្រេចចិត្តចាកចេញ។ នោះប្រហែលជាករណីនេះផងដែរ ប្រសិនបើយើងមិនអាចសម្រេចវាបាន។ ខ្ញុំរីករាយគ្រប់ពេល។ ខ្ញុំក៏បាននិយាយទៅកាន់កីឡាករមួយចំនួនថា ប្រសិនបើយើងឈ្នះ World Cup 2022 ខ្ញុំនឹងដកខ្លួនចេញ ប៉ុន្តែខ្ញុំស្រេកឃ្លានការឈ្នះពានជាមួយប្រទេសរបស់ខ្ញុំ ខ្ញុំមានក្តីសង្ឃឹម និងមហិច្ឆតាច្រើន។ ប្រសិនបើវាដំណើរការទៅបានល្អ វាអាចទៅរួចដែលខ្ញុំលាពីបាល់ទាត់ជម្រើសជាតិត្រឹមនេះ”៕