ភ្នាក់ងាររបស់កីឡាករ Alphonso Davies បានបើកការទំនាក់ទំនងរបស់ Davies ជាមួយ Real Madrid ហើយបានបង្ហើបថាខ្សែការពាររូបនេះតែងតែនិយាយជាមួយ David Alaba គ្រប់ពេលវេលា។

ខ្សែការពារឆ្វេងសញ្ជាតិកាណាដាបានបង្ហាញពីទំនោរក្នុងការមិនចុះហត្ថលេខាបន្តជាមួយ Bayern Munich បើទោះបីជាមានកិច្ចសន្យាតិចជាងពីរឆ្នាំលើកិច្ចសន្យារបស់គាត់ដែលនឹងផុតកំណត់នៅឆ្នាំ 2025។ គេជឿជាក់ថា Davies កំពុងរង់ចាំការចាប់អារម្មណ៍ពីការិយាល័យនៅ Santiago Bernabeu ខណៈដែល Real Madrid អាចនឹងដាក់ Ferland Mendy lk’នៅលើទីផ្សារនៅរដូវក្តៅក្រោយ។

ភ្នាក់ងាររបស់ Davies លោក Nedal Huoseh បានសារភាពថាកិច្ចពិភាក្សាមិនទាន់ដំណើរការជាមួយ Bayern ដោយសារមានការផ្លាស់ប្តូរជាច្រើននៅក្នុងបន្ទប់ប្រជុំរបស់ Bayern ជាពិសេសដោយសារតែការចាកចេញរបស់ Oliver Kahn និង Hasan Salihamidzic ដែលសុទ្ធសឹងជាបុគ្គលមានឥទ្ធិពលនៅក្នុងក្លឹប។ ថ្លែងទៅកាន់ 365 Scores តាមរយះ Marca លោក Nedal បាននិយាយថា “ខ្ញុំមិនអាចនិយាយពីរឿងនេះច្រើនបាននោះទេ ពួកយើងបាននិយាយគ្នាកាលពីដើមរដូវក្តៅជាមួយប្រធានផ្នែកកីឡាករ នឹងអតីតអ្នកដឹកនាំទូទៅ ប៉ុន្តែអ្វីៗត្រូវបានជាប់គាំង។ ដូចដែលអ្នកបានដឹង វាមានភាពចលាចលមួយនៅ Bayern ព្រោះរឿងដែលបានកើតឡើងនៅក្នុងក្លឹប ដូចនេះយើងមិនអាចគ្រោងអ្វីទុកមុនបាននោះទេ”៕