Man City បដិសេដសំណើរមហាសាលសម្រាប់ Bernardo Silva

បើយោងតាមរបាយការណ៍ជាច្រើនបានទម្លាយថា ក្លឹបសេដ្ឋីអង់គ្លេស Manchester City ហាក់មិនខ្វល់ពីការចរចារអ្វីនោះឡើយ ដោយបានបដិសេដភ្លាមៗនូវសំណើរពីក្លឹបសេដ្ឋីបារាំង Paris Saint-Germain សម្រាប់ខ្សែបម្រើប្រយុទ្ធ Bernardo Silva។

The Daily Record រាយការណ៍ថាសំណើរដំបូងរបស់ PSG សម្រាប់ Silva ត្រូវបានច្រានចោល ប៉ុន្តែកីឡាកររូបនេះបំណងចង់ផ្លាស់ទៅប្រទេសបារាំង។ មានគេនិយាយថាមានការចាប់អារម្មណ៍ពីអារ៉ាប៊ីសាអូឌីត និង Barcelona ប៉ុន្តែ Silva បានធ្វើឱ្យប៉ារីសជាគោលដៅជម្រើសដំបូងរបស់គាត់។

ការខិតខំប្រឹងប្រែងរបស់ PSG នេះគឺត្រូវបានដឹកនាំដោយលោក Luis Campos ដែលជាទីប្រឹក្សាបាល់ទាត់របស់ក្លឹប ហើយក៏ជាមិត្តជិតស្និទ្ធរបស់ Silva ដែលបានចុះហត្ថលេខាលើគាត់មកកាន់ក្លឹប Monaco ក្នុងឆ្នាំ 2014 ថែមទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ Man City នៅតែមានសង្ឃឹមក្នុងការបញ្ចុះបញ្ចូល Silva ឱ្យបន្តនៅក្លឹប ហើយចង់ឱ្យគាត់បន្តកិច្ចសន្យារបស់គាត់។ កិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅឆ្នាំ 2025 ហើយក្លឹបប្រហែលជាត្រូវបង្ខំឱ្យកីឡាករសញ្ជាតិព័រទុយហ្គាល់ធ្វើការសម្រេចចិត្តលើអនាគតរបស់គាត់នាពេលខាងមុខ៕