Messi បង្ហើបពីគម្រោងថ្មីមួយដែលខ្លួនកំពុងរួមចំណែកនៅលើ Instagram

ខ្សែប្រយុទ្ធ Lionel Messi កាលពីពេលថ្មីៗនេះទើបតែបានធ្វើការបង្ហើបជាតម្រុយអំពីគម្រោងថ្មីរបស់ខ្លួន ដោយអាចមានពាក់ព័ន្ធជាមួយនឹងយុទ្ធនាការប្រឆាំងការបំពុលបរិយាកាស។

Messi បានធ្វើការបង្ហោះនៅលើបណ្តាញសង្គម Instagram នូវវីដេអូរបស់ខ្លួនដើរកាត់សមុទ្រខ្សាច់យ៉ាងធំល្វឹងល្វើយ មុនបានទាត់ដបទឹកសុទ្ធដែលអាចចាត់ទុកថាជាប្រភពដ៏ធម្មតាមួយនៃការបំពុលបរិយាកាស។ ជាលទ្ធផល អ្នកគាំទ្រក៏ដូចជាអ្នកដែលបានចុច follow គណនីរបស់គេបានចេញជាការសន្និដ្ឋានថាខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះកំពុងតែធ្វើការនៅលើគម្រោងប្រឆាំងការបំពុលបរិយាកាសមួយ។

គួររំលឹកផងដែរថា Messi ពិតជាមានភាពសកម្មជាមួយអំពើសប្បុរសធម៌ ដោយធ្លាប់ធ្វើការជាមួយអង្គការ UNICEF ហើយថែមទាំងមានមូលនិធិផ្ទាល់ខ្លួនថែមទៀតផង ដែលមានឈ្មោះថា​ មូលនិធិ Lionel Messi។ ទោះជាយ៉ាងណាក្តី នៅតែមិនទាន់មានអ្នកដឹងថាគម្រោងថ្មីមួយនេះនឹងមានការចូលរួមសហការជាមួយអង្គការណានៅឡើយទេ៕