កីឡាករ Aleksandar Mitrovic ត្រូវបានពិន័យប្រាំបីប្រកួតសម្រាប់ការចាប់អាជ្ញាកណ្តាល Chris Kavanagh អំឡុងពេលក្រុមរបស់គាត់ចាញ់ FA Cup ក្រោមថ្វីជើងក្រុម Manchester United។

FA បានបញ្ជាក់ពីសេចក្តីសម្រេចរបស់ពួកគេទាក់ទងនឹង Mitrovic កាលពីល្ងាចថ្ងៃអង្គារ ដោយអ្នកគ្រប់គ្រងលោក Marco Silva ក៏បានរងការពិន័យពីរប្រកួតផងដែរ សម្រាប់ប្រតិកម្មខឹងសម្បាររបស់គាត់ចំពោះឧប្បត្តិហេតុនេះ។

Silva បានបញ្ចេញប្រតិកម្មយ៉ាងខឹងសម្បារ បន្ទាប់ពីកូនក្រុមរបស់គាត់ Willian បានទទួលកាតក្រហមចំពោះការយកដៃប៉ះបាល់នៅក្នុងតំបន់គ្រោះថ្នាក់។ បន្ទាប់ពី Kavanagh ចង្អុលទៅកន្លែងបាល់11ម៉ែត្រភ្លាម Mitrovic ក៏បានប្រឈមមុខនឹងមន្ត្រីអាជ្ញាកណ្តាលនោះភ្លាម ដោយបានរុញគាត់និងទទួលបានកាតក្រហមយកតែម្តង។ ក្រោយចប់ការប្រកួតគាត់បានឆ្លើយតបយ៉ាងចម្លែកថា គាត់គ្រាន់តែព្យាយាមយកទាក់ទាញចំណាប់អារម្មណ៍ពីអាជ្ញាកណ្តាល។ ក្រៅពីការពិន័យ 8 ប្រកួតនេះ Mitrovic ក៏ត្រូវបង់ជាសាច់ប្រាក់ចំនួន 75000 ផោនផងដែរ៕